24/11/2023
បច្ឆិមពុទ្ធវចន:
យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្ដោ ម្នាលអានន្ទ សភាវៈឯណា គឺព្រះធម៌ក្ដី ព្រះវិន័យក្ដី ដែលតថាគតបានសម្ដែងហើយ បានបញ្ញត្ដហើយដល់អ្នកទាំងឡាយ។
សោ វោ មមច្ចយេន សត្ថា សភាវៈគឺព្រះធម៌និងព្រះវិន័យនោះ លុះអំណើះអំពីតថាគត ទៅហើយនឹងបានជាគ្រូប្រៀនប្រដៅនូវអ្នកទាំងឡាយ។
យោ កោចិ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា ឧបាសិកា វាធម្មានុធម្មប្បដិបន្នោ វិហរតិ សាមីចិ បដិបន្នោ អនុធម្មចារី។
ម្នាលអានន្ទ បុគ្គលឯណាមួយគឺភិក្ខុក្ដី ភិក្ខុនីក្ដី ឧបាសកក្ដី ឧបាសិកាក្ដី ជាអ្នកប្រតិបត្ដិ នូវធម៌ វិន័យតាមសមគួរដល់ធម៌វិន័យ ជាអ្នកប្រតិបត្ដិដោយសេចក្ដីគោរពកោត ក្រែងដល់ ធម៌វិន័យ ប្រព្រឹត្ដ តាមធម៌វិន័យជាប្រក្រតី។
សោ តថាគតំ សក្ករោតិ គរុករោតិ មានេតិ បូជេតិ បរមាយ បូជាយ បតិបត្ដិ បូជាយបុគ្គលទាំងអស់នោះបានឈ្មោះថា ធ្វើសក្ការៈនឹងតថាគតធ្វើនូវសេចក្ដីគោរពតថាគត រាប់អាននូវតថាគត បូជានូវតថាគត ដោយបតិបត្ដិបូជា ជាបូជាយ៉ាងក្រៃលែង។
ហន្ទទានិ ភិក្ខវេ អាមន្ដិយាមិ វោ ភិក្ខវេ ខយវយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ ឥទម្បច្ឆិមពុទ្ធវចនំ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត នឹងផ្ដាំនូវអ្នក ទាំងឡាយ ឱ្យបាន ដឹង គ្រប់គ្នា នែភិក្ខុទាំងឡាយ សង្ខារទាំងឡាយមានកិរិយាអស់ទៅ និង សាបសូន្យទៅជាធម្មតា អ្នករាល់គ្នាចូរញ៉ាំងប្រយោជន៍ឱ្យដល់ព្រមដោយអប្បមាទៈ គឺការមិនបណ្ដែតបណ្ដោយ ក្នុងធម៌វិន័យពាក្យប្រៀនប្រដៅមានប្រមាណប៉ុណ្ណេះជាដើម នេះឈ្មោះថាបច្ឆិមពុទ្ធវចនៈ ជាពាក្យផ្ដាំពៅ បំផុតរបស់ព្រះពុទ្ធជាម្ចាស់(នៃយើង)។
ឧភិន្នមន្ដរេ យំ វុត្ដំ ឯតំ មជ្ឈិមពុទ្ធវចនំ ពាក្យប្រដៅឯណា ដែលទ្រង់ត្រាស់ពោលជាចន្លោះនៃបឋមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈទាំងពីរនេះ ពាក្យប្រដៅនោះឈ្មោះថា មជ្ឈិមពុទ្ធវចនៈ គឺពាក្យប្រដៅជាកណ្ដាលរបស់ព្រះពុទ្ធជាបរមគ្រូ(នៃយើង)។